រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៣ ឧសភា ២០២៤
នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវ ពីង គិតនីកន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមចំណែកក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។
សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលនឹងក្លាយជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្ដិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា ៕